(+855) 023 97 24 80
ផ្ទះលេខ 432, ផ្លូវកម្ពុជាក្រោម,
មិត្តភាព, 7 មករា,
ភ្នំពេញ

ហេតុអ្វីពេទ្យធ្មេញចាំបាច់ទាញយកសរសៃធ្មេញចេញ ឬហៅថាការព្យាបាលរន្ធឬសធ្មេញ?

ចាប់ពីចន្លោះអាយុ ៦ខែ ទៅ ៣ឆ្នាំ កុមារចាប់ផ្តើមដុះធ្មេញព្រៃ ដែលមាន ទាំងអស់ ២០ធ្មេញ ។ រីឯធ្មេញស្រុកវិញ ចាប់ផ្ដើមដុះនៅចន្លោះពី អាយុ ៦ឆ្នាំ ទៅ ១៨ឆ្នាំ ដែលមានទាំងអស់ចំនួន ៣២ធ្មេញ។ លោកទន្តបណ្ឌិត តាក់ និស្សិត ជំនាញទូទៅ នៅពេទ្យធ្មេញ 24-80 មានប្រសាសន៍ថា ធ្មេញមានប្រយោជន៍សម្រាប់សុខភាព និងស្នាមញញឹម។ ធ្មេញមានមុខងារសំខាន់ សម្រាប់ទំពារចំណីអាហារ និងជាវត្ថុដ៏មានតម្លៃ សម្រាប់សុខភាព និងសោភ័ណភាពដែលមនុស្សគ្រប់រូបមិនអាចខ្វះបាន។

តើអនាម័យមាត់ធ្មេញមានអត្ថន័យយ៉ាងណា?

ពាក្យថាអនាម័យមាត់ធ្មេញទាក់ទងទៅនឹងប្រការ ៣ យ៉ាងដែលអ្នកគួរធ្វើ ដើម្បីថែទាំធ្មេញរបស់អ្នក៖
• ត្រូវដុសសម្អាតធ្មេញ និងអណ្តាតអោយបានស្អាត និងត្រឹមត្រូវ រៀងរាល់ក្រោយពេលទទួលទានអាហារ និងប្រើអំបោះទាក់សម្អាត តាមចន្លោះធ្មេញ។ ពេលដុសធ្មេញម្តងៗ ត្រូវការរយៈពេលយ៉ាង ហោចណាស់ពីរនាទី។
• ជៀសវាងអាហារ ឬភេសជ្ជៈដែលមានជាតិស្ករច្រើន និងស្អិតខ្លាំង។
• សូមនាំគ្រួសាររបស់អ្នកមកពិនិត្យ និងទទួលការអប់រំ អំពីសុខភាព មាត់ធ្មេញរៀងរាល់ ៦ខែម្តង។

តើឳពុកម្តាយគួរយល់ដឹងអ្វីខ្លះ អំពីសុខភាពមាត់ធ្មេញរបស់កូន?

ចំនុចគួរចងចាំដំបូងគឺ សុខភាពមាត់ធ្មេញល្អ ត្រូវចាប់ផ្តើមពីការថែទាំ តាំងពី ថ្ងៃទី១ ដែលក្មេងកើតមក។ សូម្បីធ្មេញមិនទាន់ដុះ ក៏ត្រូវមើលថែទាំអញ្ចាញ ធ្មេញក្មេងដោយការជូតសម្អាត ជាមួយក្រណាត់សើមទន់ ឬប្រើស្បៃក្រោយ បំបៅកូនរួច។ ជួយបង្រៀនកូនអោយចេះដុសសម្អាតធ្មេញ ឱ្យបានស្អាត និងត្រឹមត្រូវ បន្ទាប់មកត្រូវគិតពីចំណីអាហារ ដែលផ្តល់នូវសុខភាពរាង្គកាយ និងធ្វើឱ្យ ធ្មេញមានសុខភាពល្អរឹងមាំដូចជា ទឹកឆ្អិន ទឹកដោះគោ បន្លែ ផ្លែឈើ និងកាត់បន្ថយចំណីអាហារ ឬភេសជ្ជៈដែលមានជាតិស្ករច្រើន និងស្អិតខ្លាំង។

ការសហការគ្នារវាងឪពុកម្តាយ និងគ្រូពេទ្យធ្មេញដោយផ្តោតលើការពិនិត្យ ឲ្យបានទៀងទាត់ នោះនឹងជួយការពារ បញ្ហាធ្មេញកូនៗ របស់លោកអ្នក កុំឱ្យរីករាលដាលធំ ហើយធានាអោយពួកគាត់មាន សុខភាពមាត់ធ្មេញល្អ ពេញមួយជីវិត។

តើបញ្ហាធ្មេញអាចប្រឈមមុខនឹងជំងឺអ្វីខ្លះ?

នៅពេលលោកអ្នកមិនបានដុសសម្អាតធ្មេញ ក្រោយទទួលទានអាហារ នៅចន្លោះពីមួយម៉ោងឡើងទៅ វានឹងបំលែងទៅជាជាតិអាស៊ីដ។ ជាតិអាស៊ីដ ធ្វើឱ្យកាចាធ្មេញរបស់អ្នក ងាយពុក និងរីករាលដាលដល់បណ្ដូលធ្មេញ។ មិនតែប៉ុណ្ណោះ កង្វះអនាម័យអាចធ្វើឲ្យអញ្ចាញធ្មេញ ហើមប៉ោង និងក្រហម ដែលបង្កឲ្យហូរឈាម នៅពេលដុសធ្មេញ និងមានខ្យល់ដង្ហើមមិនល្អ ហើយពេលខ្លះ ធ្វើឱ្យអ្នកមានអាការៈស្រៀវនៅតាមជើងធ្មេញផងដែរ។ ក្នុងករណីនេះ វាចាំបាច់ណាស់ ក្នុងការទាញយកសរសៃធ្មេញចេញ (សរសៃឈាម និងសរសៃប្រសាទ) ឬហៅថាការព្យាបាលរន្ធឬសធ្មេញ។ ក្រោយព្យាបាល ធ្មេញនោះតម្រូវឱ្យមានការប៉ះឡើងវិញ ឬការដាក់ធ្មេញ សិប្បនិម្មិតលើធ្មេញធម្មជាតិដែលខូចខាត។

ហេតុអ្វីពេទ្យធ្មេញចាំបាច់ទាញយកសរសៃធ្មេញចេញ ឬហៅថាការព្យាបាលរន្ធឬសធ្មេញ?

តាមរយៈការពិនិត្យជាទូទៅ និងការថត X-ray អាចជួយដល់ការសម្រេចចិត្ត របស់ពេទ្យធ្មេញថា តើការព្យាបាលធ្មេញប្រភេទណា ដែលត្រឹមត្រូវសម្រាប់អ្នក?
ការទាញយកសរសៃធ្មេញ ឬហៅថាការព្យាបាលរន្ធឬសធ្មេញ គឺជាការ ព្យាបាលបណ្តូលធ្មេញដែលមានមេរោគ ឬរលាក។

ការរលាក ឬការឆ្លងមេរោគអាចមានមូលហេតុផ្សេងៗ គ្នា៖
• រោគពុកធ្មេញដែលជ្រៅដល់បណ្តូលធ្មេញ
• ធ្មេញដែលទទួលការប៉ះធ្មេញច្រើនដង
• ធ្មេញដែលធ្វើការព្យាបាល និងស្រោបមិនបានត្រឹមត្រូវ
• ធ្មេញដែលប្រេះ ឬបែកដល់បណ្តូលធ្មេញ
• ការបង្ករបួសនៅលើធ្មេញ អាចជាមូលហេតុធ្វើអោយមានការបំផ្លាញ បណ្តូលធ្មេញ ទោះបីជាពុំមានការបង្ហាញ អោយឃើញថាមាន ស្នាមប្រេះ ឬបែកក៏ដោយ។

ប្រសិនបើធ្មេញដែលមានការរលាក ឬឆ្លងមេរោគ ហើយពុំមានការព្យាបាល ឲ្យទាន់ពេលវេលាទេនោះ វាអាចបង្កទៅជាខ្ទុះ ឬបណ្តាលឲ្យបាត់បង់ធ្មេញ។ ក្នងអំឡុងពេលព្យាបាល បណ្តូលធ្មេញដែលរលាក ឬឆ្លងមេរោគនឹងត្រូវបាន យកចេញ ហើយធ្វើការព្យាបាល និងសម្អាតយ៉ាងប្រុងប្រយ័ត្ន រួចដាក់ថ្នាំ បំពេញទៅក្នុងបណ្តូលធ្មេញ។ ការប៉ះធ្មេញ ឬការស្រោបធ្មេញជាជម្រើសល្អតែមួយគត់ ដើម្បីការពារការបែក ធ្មេញ ក្រោយទទួលការព្យាបាលរួច។ ធ្មេញដែលបានទទួលការប៉ះ ឬស្រោបរួច នឹងអាចបន្តមុខងារក្នុងការទំពារ ចំណីអាហារដូចធ្មេញដ៏ទៃទៀតដែរ។

តើអ្វីទៅដែលហៅថា ការប៉ះឡើងវិញ ឬការស្រោបធ្មេញ?

ធ្មេញខូចប្រេះស្រាំ ឬមានប្រហោង តម្រូវឲ្យមាន ការព្យាបាលធ្មេញឡើងវិញ ដើម្បីទប់ស្កាត់ កុំឲ្យមានការរាលដាល ទៅកាន់ធ្មេញដទៃទៀត និងជួយ ការពារធ្មេញពីកំណើតផងដែរ។ ធ្មេញដែលទទួលការព្យាបាលបានត្រឹមត្រូវ និងការថែទាំអនាម័យបានល្អ និងជួយអោយលោកអ្នកមាន ស្នាមញញឹមស្រស់ស្អាត និងប្រើប្រាស់បាន យូរអង្វែង។

ដូច្នេះ លោកអ្នកគួរដុសសម្អាតធ្មេញ រៀងរាល់ក្រោយទទួលទានអាហាររួច និងត្រូវមកជួបពេទ្យធ្មេញយ៉ាងហោចណាស់ ២ដង ក្នុងមួយឆ្នាំ ដើម្បីធ្វើការ ត្រួតពិនិត្យឃើញបញ្ហាទាន់ពេលវេលា។

ទីតាំងរបស់យើងខ្ញុំ‏