(+855) 023 97 24 80
ផ្ទះលេខ 432, ផ្លូវកម្ពុជាក្រោម,
មិត្តភាព, 7 មករា,
ភ្នំពេញ

អ្វីទៅជាដំណុះធ្មេញ?

ដំណុះធ្មេញជាដំណាក់កាលដែលធ្មេញរបស់យើងចាប់ផ្តើមទំលុះអញ្ចាញធ្មេញចេញមកខាងក្រៅនៅក្នុងមាត់។ ពេលវេលាដែលធ្មេញចាប់ផ្តើមចុះចេញមក អាចខុសៗគ្នាទៅតាមមនុស្សម្នាក់ៗ ដែលជាទូទៅមនុស្សយើងមានធ្មេញព្រៃចំនួន ២០ និងធ្មេញស្រុក ៣២ សរុបទៅក្នុងមួយជីវិតមនុស្សមានធ្មេញ ៥២គ្រាប់។ យើងដឹងថាធ្មេញរបស់យើងធ្វើការវិវឌ្ឍន៍ និងលូតលាស់ធ្មេញថ្គាមផ្នែកលើ និងក្រោមចាប់តាំងពីយើងនៅជាទារក ហើយដំណុះធ្មេញរបស់មនុស្សមាន២ដង ទីមួយគឺដំណុះធ្មេញព្រៃ និងទីពីរគឺដំណុះធ្មេញស្រុកដែលដុះក្រោយការជ្រុះចេញរបស់ធ្មេញព្រៃ។

ដំណុះធ្មេញព្រៃ ឬធ្មេញទឹកដោះ

ដំណុះធ្មេញព្រៃចំនួន 20គ្រាប់នឹងដុះមកបន្តគ្នា ធ្មេញលើ១០ និងក្រោម១០ដែលមានធ្មេញមុខទាំងអស់៨ ធ្មេញចង្កូម៤ និងធ្មេញថ្គាម៨។ ធ្មេញព្រៃទាំងអស់ដុះបន្តគ្នាចាប់ផ្តើមពីធ្មេញមុខរហូតដល់ធ្មេញថ្គាមផ្នែកខាងក្រោយ ដែលជាទូទៅធ្មេញក្រោមដុះមុនធ្មេញលើ។ ដំណុះធ្មេញព្រៃនឹងបញ្ចប់នៅពេលធ្មេញថ្គាមទី២ខាងក្រោយគេដុះចេញនៅអាយុប្រហែល៣ឆ្នាំ។ ក្រោយមកធ្មេញព្រៃនឹងចាប់ផ្តើមជ្រុះចេញដើម្បីអោយធ្មេញស្រុកដុះចេញមក នៅពេលកុមារចាប់ផ្តើមមានអាយុ៦ឆ្នាំ។

 

ដំណុះធ្មេញថ្គាមស្រុក

ធ្មេញស្រុកជាធ្មេញដែលដុះមកជាលើកទីពីរ និងជាធ្មេញដែលនៅជាមួយយើងអស់មួយជីវិត។ ដំណាក់កាលក្រោយពេលធ្មេញស្រុកដុះចេញមក ជាដំណាក់កាលដែលមនុស្សយើងមានធ្មេញព្រៃ និងធ្មេញស្រុកនៅលាយគ្នា។ ធ្មេញស្រុកដែលដុះមកមុនគេគឺធ្មេញថ្គាមធំទី១ ដែលវាដុះមកពីខាងក្រោយ ធ្មេញថ្គាមធំទី២របស់ធ្មេញព្រៃនៅពេលកុមារមានអាយុ ៦ឆ្នាំ។ យើងតែងច្រលំថាធ្មេញថ្គាមធំទី១របស់ធ្មេញស្រុកជាធ្មេញព្រៃដោយសារវាដុះមកដោយគ្មានការជ្រុះចេញរបស់ធ្មេញព្រៃ។ ក្រោយពីការជ្រុះចេញរបស់ធ្មេញព្រៃនីមួយៗ ធ្មេញស្រុកនឹងដុះមកជំនួសជាបន្តដែលក្នុងនោះធ្មេញស្រុកមានចំនួន៣២ (រួមទាំងធ្មេញលើ និងក្រោម) ក្នុងនោះមានធ្មេញមុខ៨ ធ្មេញចង្កូម៤ ធ្មេញថ្គាមតូច៤ និងធ្មេញថ្គាមធំ១២។ ដំណុះធ្មេញស្រុកនឹងបញ្ឈប់ក្រោយពេលកុមារមានអាយុ ១២ ទៅ១៣ឆ្នាំក្រោយពេលធ្មេញថ្គាមធំទី២បានដុះចេញមក។ ដោយឡែកថ្គាមធំទី៣ ឬធ្មេញថ្គាមទ័លទាំង៤ នឹងចាប់ផ្តើមដុះចេញមកនៅពេលយើងមានអាយុ ១៧ឆ្នាំ។

ចំណេះដឹងទូទៅដែលឪពុកម្តាយគួរយល់ដឹង

ដោយសារធ្មេញព្រៃជាធ្មេញដែលងាយនឹងទទួលរងការប៉ះពាល់ពីរោគពុកធ្មេញ ឪពុកម្តាយគ្រប់រូបគួរយកចិត្តទុកដាក់ក្នុងការថែរក្សាធ្មេញកូនៗចាប់តាំងពីពេលដែលធ្មេញព្រៃទី១ចាប់ផ្តើមដុះចេញមក រួមបន្តត្រួតពិនិត្យ និងបង្ហាត់បង្ហាញអោយកុមារចេះសម្អាតធ្មេញដោយខ្លួនឯង។ រោគពុកធ្មេញជាកត្តាចំបងក្នុងការបាត់បង់ធ្មេញព្រៃដែលជាហេតុធ្វើអោយធ្មេញស្រុកដុះមកមិនត្រង់ជួរ ឬដុះខុសទីតាំង(ជំពើស) និងតម្រូវអោយធ្វើការពត់តម្រង់ធ្មេញ ដើម្បីជួយអោយធ្មេញកុមារទទួលបាននូវមុខងារ ការទំពារ និងភាពស្រស់ស្អាតត្រលប់មកវិញ។ ឪពុកម្តាយគួរនាំកូនៗមកជួបគ្រូពេទ្យធ្មេញអោយបានទៀងទាត់ដើម្បីអោយកុមារសម្របខ្លួន និងមានភាពក្លាហានជាមួយនឹងគ្រូពេទ្យធ្មេញ។ កុំចាំរហូតដល់ហួសពេល សូមនាំគ្រួសារអ្នកមកទទួលការអប់រំសុខភាពមាត់ធ្មេញ និងពិនិត្យពីដំណើរការនៃដំណុះធ្មេញ រោគពុកធ្មេញដើម្បីទទួលនូវការព្យាបាលទាន់ពេលវេលា។

សម្រាប់មនុស្សធំ

ធ្មេញថ្គាមទ័លដែលកប់ ឬមិនអាចអោយយើងធ្វើការសម្អាតបានល្អ វានឹងបង្កអោយមានជំងឺរោគពុកធ្មេញ និងជំងឺរលាកអញ្ចាញដែលធ្វើអោយយើងមានអារម្មណ៍ថាឈឺ ដូចនេះ វាគួរតែត្រូវបានយកចេញដើម្បីបញ្ឈប់ការឈឺ និងការពារកុំអោយមានការប៉ះពាល់ដល់ធ្មេញដ៏ទៃទៀត។ យើងអាចមកជួបគ្រូពេទ្យធ្មេញ ដើម្បីធ្វើការថតមើលពីដំណាក់កាលនៃដំណុះធ្មេញនេះ និងវាយតម្លៃពីតម្រូវការយកចេញ ក៏ដូចជាទទួលបាននូវអនុសាសត្រឹមត្រូវទាក់ទងនឹងការថែរក្សាធ្មេញ។ យើងដឹងថាដំណុះធ្មេញគ្មានលើកទី៣ នោះទេ ដូចនេះហើយយើងគប្បីថែរក្សាធ្មេញស្រុកអោយបានល្អ ដើម្បីទទួលបានធ្មេញដែលរឹងមាំគង់វង្សយូរអង្វែង និងនៅជាមួយយើងអស់មួយជីវិត។ កត្តាចំបងដែលនាំអោយមានការបាត់បង់ធ្មេញស្រុកគឺមកពីរោគពុកធ្មេញ និងជំងឺអញ្ចាញធ្មេញដែលអាចជៀសវាងបានដោយការសម្អាតធ្មេញទៀងទាត់ និងមកជួបគ្រូពេទ្យធ្មេញរៀងរាល់៦ខែម្តង។

ទីតាំងរបស់យើងខ្ញុំ‏