(+855) 023 97 24 80
ផ្ទះលេខ 432, ផ្លូវកម្ពុជាក្រោម,
មិត្តភាព, 7 មករា,
ភ្នំពេញ

ការដំាបង្គោលធ្មេញ (Dental Implant)

ការដាំបង្គោលធ្មេញមានប្រវត្តិយូរលង់ណាស់មកហើយតាំងពីមុនគ្រឹសករាជមកម្ល៉េះ ហើយបានចាប់ផ្ដើមសិក្សាជាលក្ខណៈវិទ្យាសាស្ត្រនៅទសវត្សទី៥០ រហូតមកដល់ពេលនេះ ការដាំបង្គោលធ្មេញកំពុងតែពេញនិយមនៅក្នុងវិស័យទន្ដសាស្រ្ដ។

តើការដាំបង្គោលធ្មេញជាអ្វី?

បង្គោលធ្មេញគឺជាឬសធ្មេញសិប្បនិម្មិតដែលដាក់បញ្ចូលទៅក្នុងឆ្អឹងថ្គាម ដើម្បីជំនួសធ្មេញដែលបាត់បង់មួយ ឬច្រើន។ ភាគច្រើនវាមានមុខងារប្រហាក់ប្រហែលនឹងធ្មេញធម្មជាតិដែរ។

តើបង្គោលធ្មេញមានគុណសម្បត្តិអ្វីខ្លះ?
បង្គោលធ្មេញមានគុណសម្បត្តិយ៉ាងច្រើនដូចជាៈ

  1. ជួយបង្កើនសោភ័ណ្ឌភាពធ្មេញរបស់អ្នក: ព្រោះតែបង្គោលធ្មេញត្រូវបានរចនាឡើងមានសណ្ឋានប្រហាក់ប្រហែលនឹងឬសធ្មេញ ដូចនេះនៅពេលដែលវាត្រូវបានដាក់បញ្ចូលទៅក្នុងឆ្អឹងថ្គាមត្រឹមត្រូវហើយវានឹងមានតួនាទី និងរូបរាងដូចធ្មេញធម្មជាតិដែរ។ កាលពីបង្គោលធ្មេញមិនទាន់មានវត្តមាន ឬពេញនិយមក្នុងវិស័យទន្ដសាស្រ្ដ អ្នកដែលបាត់បង់ធ្មេញមួយ ឬច្រើនគឺចាំបាច់ត្រូវលះបង់ធ្មេញល្អផ្សេងទៀតដែលនៅជិតខាង ដើម្បីឆាបធ្វើជាបង្គោលសំរាប់ទ្រធ្មេញស្ពាន (Bridge) ឬក៏ត្រូវពាក់ធ្មេញស្និត (Denture) ដែលអាចដោះចេញបានសំរាប់ជំនួស និងជាហេតុធ្វើអោយបាត់បង់នូវសោភ័ណ្ឌភាពទាំងស្រុង។
  2. ជួយធ្វើអោយការបញ្ចេញសំលេងបានល្អប្រសើរឡើង: សម្រាប់អ្នកដែលពាក់ធ្មេញគ្រោងហើយអាចដោះចេញបាន ភាគច្រើនការបញ្ចេញសំលេងមិនបានច្បាស់ទេ ព្រោះធ្មេញទាំងនោះតែងតែមានសន្ទះនៅខាងក្នុងដែលជាហេតុធ្វើអោយទាក់អណ្ដាតនៅពេលនិយាយហើយបើធ្មេញទាំងក្រាស់វិញ (Complete denture) ក៏រឹតតែពិបាកដោយសារវាងាយនឹងរបូតចេញនៅពេលនិយាយ ដូចនេះការដែលនិយាយផងប្រឹងទប់ធ្មេញក្រាស់កុំអោយរបូតផង ធ្វើអោយការបញ្ចេញសំលេងមានភាពមិនច្បាស់ល្អទេ។ ដូចនេះបង្គោលធ្មេញជាជំរើសតែមួយគត់ដែលអាចដោះស្រាយបញ្ហាទាំងអស់ខាងលើបាន។
  3. ជួយអោយការទំពារអាហារបានម៉ត់ល្អ និងបង្កើនផាសុខភាព: ដោយបង្គោលធ្មេញមានសភាពស្រដៀងធ្មេញធម្មជាតិ ដូចនេះវាអាចជួយ អ្នកដែលបាត់បង់ធ្មេញមានធ្មេញពេញលេញឡើងវិញ ដែលជាជំនួយក្នុង ការទំពារអាហារ ប្រកបដោយផាសុខភាពយ៉ាងខ្លាំង បើប្រៀបធៀបជាមួយធ្មេញស្និត ឬធ្មេញក្រាស់។
  4. ធ្វើអោយអ្នកមានទំនុកចិត្ត: បង្គោលធ្មេញអាចអោយអ្នករកឃើញស្នាមញញឹមត្រលប់មកវិញប្រកបដោយភាពជឿជាក់ក្នុងការប្រាស្រ័យ ទាក់ទងក្នុងសង្គម។
  5. ជួយបង្កើនសុខភាពមាត់ធ្មេញ: ការដាក់បង្គោលធ្មេញមិនតម្រូវអោយឆាបធ្មេញជិតខាងដូចជាធ្មេញស្ពានទេ (bridge) ដូចនេះអ្នកអាចរក្សាធ្មេញធម្មជាតិរបស់អ្នកអោយមានសុខភាពល្អ យូរអង្វែងព្រមទាំងងាយ ស្រួលក្នុងការសម្អាតទៀតផង។
  6. ជាប់យូរអង្វែង: បើអ្នកដែលបានដាក់បង្គោលធ្មេញហើយមានការថែទាំ និងរក្សាអនាម័យបានល្អនោះ បង្គោលធ្មេញនឹងជាប់បានរហូតមួយជីវិត។
  7. ជួយធ្វើអោយធ្មេញស្និតមានលំនឹងល្អ: លើសពីនេះទៀតសោត បង្គោលធ្មេញអាចជួយអ្នកដែលបាត់បង់ធ្មេញទាំងស្រុង ហើយមានការលំបាកក្នុងការប្រើប្រាស់ធ្មេញស្និត (Complete denture) ដោយធ្មេញស្និតនោះមិនមានលំនឹងល្អដែលងាយរបូតចេញ អោយមានលំនឹងឡើង វិញដោយប្រើ បង្គោលធ្មេញពីរ ឬច្រើនសម្រាប់ទ្រ និងទប់ធ្មេញស្និតនោះ។

តើបង្គោលធ្មេញមានអត្រាជោគជ័យប៉ុណ្ណាដែរ?

ជាទូទៅបង្គោលធ្មេញមានអត្រាជោគជ័យខ្ពស់ គឺលើសពី 98% ប្រសិនបើគ្រូពេទ្យមានជំនាញច្បាស់លាស់ ព្រមទាំងប្រើបង្គោលធ្មេញដែលមានគុណភាព និងរចនាបានល្អឥតខ្ចោះ។

តើនរណាខ្លះដែលអាចទទួលការដាក់បង្គោលធ្មេញបាន?
ជាទូទៅមនុស្សពេញវ័យរហូតដល់ចាស់ដែលមានសុខភាពល្អអាចទទួល នូវការចាក់ថ្នាំស្ពឹកបាន គឺអាចទទួលការដាក់បង្គោលធ្មេញបាន។
អ្នកជំងឺត្រូវមានអញ្ចាញដែលមានសុខភាពល្អ មានឆ្អឹងគ្រប់គ្រាន់សំរាប់ទ្របង្គោលធ្មេញ។ សម្រាប់អ្នកដែលចូលចិត្តពិសារបារីច្រើន អ្នកដែលមានជំងឺរុំារ៉ៃមួយចំនួន ដែលមិនអាចគ្រប់គ្រងបានដូចជា៖ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ឬអ្នកជំងឺមហារីកដែលទទួលការព្យាបាលដោយ វិទ្យុសកម្ម ត្រង់ក និងក្បាល គឺត្រូវពិភាក្សាវាយតំលៃពីគ្រូពេទ្យជាមុនសិន អំពីផលប៉ះពាល់ដែលអាចកើតមាន។

តើការដាក់បង្គោលធ្មេញមានការឈឺចាប់ប៉ុណ្ណា?
អ្នកដែលបានដាក់បង្គោលធ្មេញរួចហើយភាគច្រើនបាននិយាយថា វាគ្រាន់តែមានការរំខាន និងឈឺចាប់បន្តិចបន្តួចប៉ុណ្ណោះបើប្រៀបធៀបជាមួយការដកធ្មេញ គឺវាមានការឈឺចាប់តិចជាង ហើយអាចគ្រប់គ្រងការឈឺចាប់បានដោយគ្រាន់តែប្រើថ្នាំបំបាត់ការឈឺចាប់មួយចំនួនដូចជា៖ ប៉ារ៉ាសេតាម៉ូល ឬ អីប៊ុយប្រូហ្វែនជាដើម។

តើការដាំបង្គោលធ្មេញ ត្រូវប្រើរយៈពេលយូរប៉ុណ្ណាទើបអាចដាក់ធ្មេញស្រោបបាន?
ជាទូទៅក្រោយពេលដាក់បង្គោលធ្មេញចូលទៅក្នុងឆ្អឹងហើយ គឺរយៈពេល ៦សប្តាហ៍ ឆ្អឹង និងបង្គោលធ្មេញ បានខាំបញ្ចូលគ្នា ហើយគ្រូពេទ្យអាចដាក់ធ្មេញស្រោបបញ្ចូលបាន ក៏ប៉ុន្តែវាអាស្រ័យលើស្ថានភាពឆ្អឹងរបស់មនុស្សម្នាក់ៗ ដែរ។

តើត្រូវថែទាំបង្គោលធ្មេញយ៉ាងដូចម្ដេច?

ការថែទាំបង្គោលធ្មេញគឺដូចជាការថែទាំធ្មេញធម្មជាតិដែរ យើងត្រូវការដុសសម្អាតវារាល់ពេលញុំាអាហារហើយ និងទៅជួបគ្រូពេទ្យធ្មេញអោយបានទៀងទាត់រាល់ពេល ៣ទៅ៦ខែម្ដង។ ទន្តបណ្ឌិតជំនាញដាំបង្គោលធ្មេញនៅពេទ្យធ្មេញ 24-80 មាន៖  ទន្តបណ្ឌិត ចៅ ប៊ុនហ៊ាន និងទន្តបណ្ឌិត ហេង គីហាក់ ដែលមានសញ្ញាប័ត្រឯកទេសដាំបង្គោលធ្មេញក្នុងឆ្អឹង (Implantology) ពីប្រទេសអាឡឺម៉ង់ និងមានបទពិសោធន៍ជាង ១០ឆ្នាំមកហើយ។

ទីតាំងរបស់យើងខ្ញុំ‏